ជួយមនុស្សជំទង់មើលឃើញមាតិកាដែលសមស្របតាមអាយុ

បានធ្វើបច្ចុប្បន្នភាព 4 ឧសភា 2026
យើងចង់ឱ្យមនុស្សជំទង់ទទួលបានបទពិសោធវិជ្ជមាននៅលើ Facebook និង Instagram ដែលរួមមានដូចជាការជួយពួកគេស្វែងរកចំណាប់អារម្មណ៍របស់ពួកគេ ខណៈពេលដែលបង្ហាញពួកគេនូវមាតិកាដែលសមស្របនឹងអាយុរបស់ពួកគេ។ យើងខិតខំរារាំងមនុស្សជំទង់ពីការមើលឃើញមាតិកាមិនសមរម្យតាមវិធីសំខាន់ៗចំនួនបី៖ ដកចេញទាំងស្រុងនូវមាតិកា នៅពេលដែលវាបំពានច្បាប់របស់យើង លាក់ប្រភេទមួយចំនួននៃមាតិកាសម្រាប់មនុស្សពេញវ័យ ឬមាតិការសើបពីមនុស្ស​ជំទង់ និងមានរនាំងកាន់តែតឹងរ៉ឹងសម្រាប់អ្វីដែលយើងណែនាំ។
យើងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ទៅលើវិធីសាស្ត្ររបស់យើង ដើម្បីជួយធ្វើឱ្យប្រាកដថាយើងកំពុងផ្ដល់ឱ្យមនុស្សជំទង់នូវបទពិសោធប្រើប្រាស់ប្រកបដោយសុវត្ថិភាព សមស្របតាមអាយុ និងដើម្បីរួមបញ្ចូលការស្រាវជ្រាវ និងដំបូន្មានអ្នកជំនាញតាមដែលអាចធ្វើបានបំផុត ដើម្បីឱ្យឪពុកម្ដាយស្ងប់ចិត្ត។ យើងក៏ចង់អនុវត្តឱ្យកាន់តែស្របទៅនឹងស្តង់ដារឯករាជ្យដែលគ្រួសារធ្លាប់ស្គាល់ពីមុនផងដែរ ដូច្នេះយើងបានពិនិត្យមើលគោលការណ៍ណែនាំដែលសមស្របតាមអាយុរបស់យើង - គោលការណ៍ណែនាំដែលកំណត់មាតិកាដែលយើងលាក់ពីមនុស្សជំទង់ និងជៀសវាងការណែនាំដល់ពួកគេ ដោយធៀបទៅនឹងការវាយតម្លៃភាពយន្តសម្រាប់អាយុ 13 ឆ្នាំឡើង និងមតិកែលម្អពីឪពុកម្តាយ។ ករណីនេះមានន័យថាគោលដៅរបស់យើងគឺសម្រាប់ឱ្យមនុស្សជំទង់មើលឃើញមាតិកានៅលើ Instagram និង Facebook ដែលស្រដៀងនឹងអ្វីដែលពួកគេបានឃើញនៅក្នុងភាពយន្តដែលសមស្របតាមអាយុ តាមលំនាំដើម។
ដូច​ជា​អ្នក​អាច​នឹង​ឃើញ​មាតិកា​​ទាក់ទាញអារម្មណ៍ផ្លូវភេទមួយចំនួន ឬ​ស្ដាប់ឮ​ភាសាគ្រោតគ្រាត​ខ្លះ​នៅក្នុងភាពយន្តដែលត្រូវបានវាយតម្លៃថាសមស្របសម្រាប់អាយុ 13 ឆ្នាំឡើង មនុស្ស​ជំទង់អាច​នឹង​ឃើញ​រឿង​បែប​នោះ​ម្ដងម្កាល​នៅ​លើ Instagram ឬ/និង Facebook ប៉ុន្តែ​យើង​នឹង​បន្ត​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​ករណី​ទាំង​នោះជាករណី​កម្រ​តាម​ដែល​អាច​ធ្វើ​បាន។ យើងទទួលស្គាល់ថាគ្មានប្រព័ន្ធណាមួយល្អឥតខ្ចោះនោះទេ ហើយយើងប្តេជ្ញាធ្វើឱ្យប្រសើរឡើងបន្តិចម្ដងៗ។
មានភាពខុសគ្នាច្រើនរវាងប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពយន្ត។ យើងមិនបានធ្វើការជាមួយ MPA នៅពេលធ្វើបច្ចុប្បន្នភាពការកំណត់មាតិការបស់យើងទេ ហើយពួកគេមិនកំពុងវាយតម្លៃមាតិកាណាមួយនៅលើ Instagram ឬ/និង Facebook ទេ ហើយពួកគេមិនកំពុងគាំទ្រ ឬយល់ព្រមលើការកំណត់មាតិការបស់យើងតាមមធ្យោបាយណាមួយឡើយ។ ផ្ទុយទៅវិញ យើងទទួលបានការបំផុសគំនិតពីគោលការណ៍ណែនាំសាធារណៈរបស់ MPA ដែលឪពុកម្ដាយធ្លាប់ស្គាល់រួចហើយ ក៏ដូចជាមតិកែលម្អពីឪពុកម្ដាយផងដែរ។ ប្រព័ន្ធសម្របសម្រួលមាតិការបស់យើងមិនដូចគ្នានឹងក្រុមប្រឹក្សាភិបាលវាយតម្លៃភាពយន្តទេ ដូច្នេះបទពិសោធប្រើប្រាស់ប្រហែលជាមិនដូចគ្នាទេ។
ស្រទាប់ការពារច្រើន
សម្រាប់អ្នកគ្រប់គ្នា៖ យើងដកចេញនូវមាតិកាដែលបំពានស្តង់ដារសហគមន៍របស់យើង។ យើងក៏មានការការពារខ្ពស់ជាងនេះសម្រាប់ប្រភេទមាតិកាដែលយើងណែនាំផងដែរ។
❌ មាតិកាដែលយើងដកចេញ
ស្តង់ដារសហគមន៍របស់យើងរៀបរាប់អំពីប្រភេទមាតិកាដែលយើងមិនអនុញ្ញាតនៅលើ Facebook និង Instagram។ យើងដកមាតិកានេះចេញទាំងស្រុងសម្រាប់អ្នកគ្រប់គ្នា រួមទាំងមនុស្សជំទង់ផងដែរ នៅពេលណាដែលយើងដឹងអំពីវា។ នៅពេលយើងដកមាតិកាដែលបំពានច្បាប់ទាំងនេះចេញ យើងក៏អាចដាក់ចេញការពិន័យចំពោះគណនីដែលបានចែករំលែកវា ហើយយើងបិទគណនីដែលបំពានគោលការណ៍របស់យើងម្ដងហើយម្ដងទៀត ឬធ្ងន់ធ្ងរផងដែរ។ គោលការណ៍ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីការពារអ្នកគ្រប់គ្នានៅក្នុងសហគមន៍របស់យើង រួមទាំងមនុស្សជំទង់ផងដែរ។
ប្រភេទមាតិកាដែលយើងដកចេញទាំងស្រុងរួមមានដូចជា៖
យើងមិនអនុញ្ញាតឱ្យមានមាតិកាដែលអាចបំពាន ឬកេងប្រវ័ញ្ចលើមនុស្ស ដូចជាការបង្ហោះដែលលើកទឹកចិត្តដល់សកម្មភាពផ្លូវភេទដែលមិនមានការព្រមព្រៀង ឬចែករំលែក ឬការស្នើសុំសម្ភារៈបំពានលើកុមារនោះទេ។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ការបង្ហោះផ្សាយពេស្យាចារ ឬសុំឱ្យនរណាម្នាក់ផ្ញើរូបអាសអាភាសឱ្យពួកគេ។
❌ រូបថតរបស់នរណាម្នាក់នៅក្នុងសកម្មភាពស្និទ្ធស្នាល ឬផ្លូវភេទ ដែលចែករំលែកដោយគ្មានការយល់ព្រមពីពួកគេ។
❌ ការបង្ហោះដែលផ្ដល់ ឬសុំសម្ភារៈបំពានផ្លូវភេទលើកុមារ ឬរូបភាពអាក្រាតកាយរបស់កុមារ។
យើងមិនអនុញ្ញាតឱ្យមានមាតិកាដែលលើកទឹកចិត្ត លើកតម្កើង ឬលើកកម្ពស់ការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬវិបល្លាសនៃការបរិភោគទេ តែនៅតែផ្ដល់ឱកាសឱ្យអ្នកប្រើប្រាស់និយាយអំពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ និងស្វែងរកការគាំទ្រ។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ ការបង្ហោះដែលលើកឡើងជាវិជ្ជមានអំពីការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬវិបល្លាសនៃការបរិភោគ។
❌ រឿងដែលបង្ហាញពីការធ្វើបាបខ្លួនឯងស្ដែងៗ។
❌ ការបញ្ចេញមតិចំអកឱ្យនរណាម្នាក់ដែលមានវិបល្លាសនៃការបរិភោគ។
យើងមិនអនុញ្ញាតឱ្យមានមាតិកាដែលអាចបង្កើតបរិយាកាសបំភិតបំភ័យ ឬអបរិយាបន្ន រួមទាំងការសម្លុតធ្វើបាប និងការបៀតបៀនផងដែរ។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ ការបង្ហោះដោយប្រើពាក្យប្រមាថមើលងាយមនុស្សដោយផ្អែកលើពូជសាសន៍ សាសនា ជាតិសាសន៍ អត្តសញ្ញាណយេនឌ័រ ឬនិន្នាការផ្លូវភេទរបស់ពួកគេ។
❌ ការបញ្ចេញមតិចំអកឱ្យជនរងគ្រោះពីការបំពានផ្លូវភេទ។
❌ ការបង្ហោះដែលគំរាមបញ្ចេញព័ត៌មា​នផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបាន (ដូចជាលេខលិខិតឆ្លងដែន) ឬញុះញង់ឱ្យមានការបៀតបៀនដល់នរណាម្នាក់។
យើង​មិន​អនុញ្ញាត​ឱ្យ​ទិញ លក់ ឬ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម​ដែល​ស្ថិតក្រោមការរឹតបន្តឹង​ជាក់លាក់​នៅ​លើ​ថ្នាលរបស់​យើង​ទេ។ យើង​ក៏​មិន​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ផ្សព្វផ្សាយ​ប្រភេទ​សារធាតុ​មួយ​ចំនួន ឬ​ផ្ដល់​ការណែនាំ​អំពី​របៀប​ប្រើ​ពួកវា​ដែរ។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ រឿងដែលផ្ដល់ជូនការទិញ ការលក់ ឬការជួញដូរគ្រឿងញៀនប្រភេទផ្សេងៗ។
❌ ការបង្ហោះដែលព្យាយាមទិញ លក់ ឬជួញដូរថ្នាំជក់ នីកូទីន ឬគ្រឿងស្រវឹង
❌ មតិដែលផ្ដល់គ្រឿងបន្លាស់កាំភ្លើងព្រីន 3D។
យើងផ្ដល់ករណីលើកលែងមួយចំនួនដល់អាជីវកម្មស្របច្បាប់ដែលផ្ដល់ជូនដោយស្របច្បាប់នូវប្រភេទទំនិញក្រោមការរឹតបន្តឹងមួយចំនួន។
យើងមិនអនុញ្ញាតឱ្យមានមាតិកាស្ដែងៗខ្លាំងជ្រុល ឬមាតិកាដែលអាចគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន ដូចជាការគំរាមប្រើហិង្សាលើមនុស្សជាដើម។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ ការបង្ហោះគំរាមសម្លាប់ ឬចាប់ជំរិតអ្នកដទៃ ឬការបង្ហោះលើកទឹកចិត្តអ្នកដទៃឱ្យប្រព្រឹត្តអំពើហិង្សា។
❌ វីដេអូស្ដែងៗដែលបង្ហាញពីបុគ្គលដែលត្រូវបានរងរបួស ឬរលាកធ្ងន់ធ្ងរ។
យើងផ្ដល់ករណីលើកលែងជាក់លាក់សម្រាប់មាតិកាស្ដែងៗនៅក្នុងបរិបទវេជ្ជសាស្ត្រ ឬនៅពេលចែករំលែកដើម្បីបង្កើនការយល់ដឹង។ ករណីដែលយើងអនុញ្ញាតមាតិកាស្ដែងៗ ជាធម្មតាយើងបិទបាំងវាជាមួយអេក្រង់ព្រមាន ដើម្បីឱ្យអ្នកប្រើប្រាស់ដឹងថាមាតិកាអាចមានភាពរសើប មុនពេលពួកគេចុចលើវា។
យើងរឹតបន្តឹងលើការបង្ហាញអាក្រាតកាយ ឬសកម្មភាពផ្លូវភេទ ក៏ដូចជាភាសាបង្ហាញពីផ្លូវភេទច្បាស់ពេកផងដែរ។ ឧទាហរណ៍ យើងនឹងដកចេញ៖
❌ រូបភាព ឬវីដេអូដែលមានរូបអាក្រាត ឬសកម្មភាពផ្លូវភេទស្ដែងៗ រួមទាំងពេលដែលបង្កើតដោយ AI ផងដែរ។
❌ រឿង​ដែល​មាន​ការ​ពណ៌នា​យ៉ាង​ច្បាស់ ឬ​ស្ដែងៗ​នៃការជួបគ្នាលក្ខណៈផ្លូវភេទ (ប្រសិនបើមិនមែន​ជា​រឿង​កំប្លែង ឬ​បែប​ទិះតៀនទេ)។
ក្រុមហ៊ុនដឹងថារូបអាក្រាតអាចត្រូវបានចែករំលែកដោយហេតុផលជាច្រើន រួមទាំងជាទម្រង់នៃការតវ៉ា ដើម្បីបង្កើនការយល់ដឹងអំពីបុព្វហេតុ ឬដោយហេតុផលផ្នែកវេជ្ជសាស្ត្រ ឬការអប់រំជាដើម។ ក្នុងករណីសមស្រប និងចេតនាបែបនេះបានបង្ហាញច្បាស់លាស់ យើងផ្តល់ការអនុញ្ញាតសម្រាប់មាតិកានោះ។
ដើម្បីទទួលបានព័ត៌មានលម្អិតពេញលេញអំពីមាតិកាដែលយើងដកចេញ សូមមើលស្តង់ដារសហគមន៍របស់យើង។
🛡️ មាតិកាដែលយើងមិនធ្វើការណែនាំ
យើងផ្ដល់ការណែនាំនៅកន្លែងដូចជា Reels របស់ Instagram ឬ រុករក ឬ លំហូរព័ត៌មាន Facebook ដើម្បីជួយមនុស្សឱ្យរកឃើញមាតិកាថ្មីដែលពួកគេប្រហែលជាចាប់អារម្មណ៍។ យើងមានគោលការណ៍ណែនាំអំពីប្រភេទមាតិកាដែលអាចត្រូវបានណែនាំ និងមិនផ្ដល់ការណែនាំដែលអាចមានគុណភាពអន់ ប៉ះពាល់អារម្មណ៍ ឬមានភាពរសើបជាពិសេស - ទោះបីជាពេលដែលមាតិកានោះមិនមានលក្ខណៈធ្ងន់ធ្ងរគ្រប់គ្រាន់ឱ្យដកចេញក៏ដោយ។ ករណីនេះគឺ ដោយសារតែយើងគិតថា គួរតែមានស្តង់ដារតឹងរ៉ឹងជាងនេះ នៅពេលបង្ហាញមាតិកាដល់អ្នកប្រើប្រាស់ពីគណនីដែលពួកគេមិនបានជ្រើសរើសតាមដាន។
⚠️ មាតិកាបន្ថែមដែលយើងលាក់សម្រាប់មនុស្សជំទង់
មនុស្ស​ជំទង់៖ យើងផ្ដល់ការការពារបន្ថែមសម្រាប់មនុស្សជំទង់ក្រោមអាយុ 18 ឆ្នាំ។ យើងលាក់មាតិកាច្រើនច្រើនទៀត លើសពីអ្វីដែលយើងដកចេញសម្រាប់អ្នកគ្រប់គ្នា ហើយក៏ជៀសវាងការណែនាំមាតិកាដល់មនុស្សជំទង់ ដែលអាចត្រូវបានណែនាំដល់មនុស្សពេញវ័យផងដែរ។ គោលដៅរបស់យើងគឺសម្រាប់ឱ្យមនុស្សជំទង់មើលឃើញមាតិកានៅលើ Instagram និង Facebook ដែលស្រដៀងនឹងអ្វីដែលពួកគេបានឃើញនៅក្នុងភាពយន្តដែលសមស្របតាមអាយុ តាមលំនាំដើម។ មនុស្សជំទង់អាចចូលប្រើបានតែការកំណត់ទីបី ដែលមានការអនុញ្ញាតច្រើនជាងនេះ ដែលហៅថា មាតិកាច្រើនទៀត - ដោយមានការអនុញ្ញាតពីឪពុកម្ដាយប៉ុណ្ណោះ។ នៅលើ Instagram មនុស្សជំទង់ ឬឪពុកម្ដាយរបស់ពួកគេក៏អាចចូលប្រើការកំណត់ដែលរឹតបន្តឹងកាន់តែខ្លាំង ដែលហៅថាមាតិកាដែលបានដាក់កម្រិត ហើយមនុស្សជំទង់អាចចូលប្រើការកំណត់ទីបី ដែលអនុញ្ញាតច្រើនជាងមុន ដែលហៅថា មាតិកាច្រើនទៀត - ដោយមានការអនុញ្ញាតពីឪពុកម្ដាយ
13 ឆ្នាំឡើងទៅ (លំនាំដើម)៖ ការកំណត់មាតិកា 13 ឆ្នាំឡើងទៅ ត្រូវបានបំផុសគំនិតដោយការវាយតម្លៃភាពយន្តសម្រាប់អាយុ 13 ឆ្នាំឡើង និងមតិកែលម្អពីឪពុកម្ដាយ ហើយត្រូវបានបើកសម្រាប់មនុស្ស​ជំទង់តាមលំនាំដើម។ យើងបានធ្វើការជាមួយអ្នកជំនាញផ្នែកយុវជននៅជុំវិញពិភពលោកដើម្បីស្វែងយល់កាន់តែច្បាស់អំពីប្រភេទមាតិកាដែលអាចសមរម្យសម្រាប់មនុស្សពេញវ័យ ប៉ុន្តែមិនសមរម្យសម្រាប់មនុស្សជំទង់ដែលមានអាយុក្រោម 18 ឆ្នាំ ហើយយើងបានពិនិត្យមើលគោលការណ៍ណែនាំសមស្របតាមអាយុទាំងនេះដោយធៀបនឹងការវាយតម្លៃភាពយន្ត​សម្រាប់អាយុ 13 ឆ្នាំឡើង និងមតិកែលម្អពីឪពុកម្តាយ។ នៅក្នុងការកំណត់នេះ យើងនឹងលាក់មាតិកាបន្ថែមពីមនុស្សជំទង់លើសពីអ្វីដែលយើងដកចេញរួចហើយសម្រាប់អ្នកគ្រប់គ្នា។ ករណីនេះមានន័យថា ទោះបីជាមនុស្សពេញវ័យនឹងនៅតែអាចមើលឃើញមាតិកានេះក៏ដោយ ក៏មនុស្សជំទង់នឹងមិនអាចមើល ឬធ្វើអន្តរកម្មជាមួយមាតិកានោះបានទេ បើទោះបីជាមាតិកានោះត្រូវបានចែករំលែកដោយគណនីដែលពួកគេតាមដាននៅក្នុងលំហូរព័ត៌មាន ឬរឿងក៏ដោយ។ យើងក៏នឹងរារាំងមនុស្សជំទង់ពីការស្វែងរក តាមដាន និងធ្វើអន្តរកម្មជាមួយគណនីដែលចែករំលែកភាគច្រើនូវមាតិកាដែលមិនសមស្របតាមអាយុ។
ចុចទីនេះដើម្បីមើលប្រភេទមាតិកាមួយចំនួនដែលយើងនឹងលាក់សម្រាប់មនុស្ស​ជំទង់នៅក្នុងការកំណត់លំនាំដើមនេះ។
យើងលាក់មាតិកាជាក់លាក់ទាក់ទងនឹងការធ្វើអត្តឃាត និងការធ្វើបាបខ្លួនឯង ដើម្បីការពារមនុស្សជំទង់ពីសម្ភារៈដែល​អាច​មានការព្រួយបារម្ភ ឬមានលក្ខណៈរសើប។ ឧទាហរណ៍ យើងនឹងរឹតបន្តឹងលើអាយុ៖
⚠️ ការបង្ហោះដែលនរណាម្នាក់កំពុងរៀបរាប់ពីបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេទាក់ទងនឹងការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬវិបល្លាសនៃការបរិភោគ លើកលែងតែក្នុងបរិបទនៃការជាសះស្បើយឡើងវិញ។
⚠️ រូបថត ឬវីដេអូដែលបង្ហាញពីមនុស្សនៅក្នុងមន្ទីរពេទ្យដែលចូលរួមសកម្មភាពបញ្ចប់ជីវិតអ្នកជំងឺ ឬជួយធ្វើអត្តឃាត។
⚠️ រឿងដែលនរណាម្នាក់កំពុងនិយាយទាក់ទងនឹងឥរិយាបថសម្រកទម្ងន់យ៉ាងខ្លាំងរបស់ពួកគេផ្ទាល់។
យើងលាក់មាតិកាពីមនុស្សជំទង់ ដែលអាចមានឥទ្ធិពលលើពួកគេ ដើម្បីចូលរួមក្នុងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់។ ឧទាហរណ៍ យើងនឹងរឹតបន្តឹងលើអាយុ៖
⚠️ ការបង្ហោះដែលផ្សព្វផ្សាយការលក់ថ្នាំជក់ ផលិតផលនីកូទីន គ្រឿងស្រវឹង ឬអាវុធ នៅពេលចែករំលែកដោយអាជីវកម្មមានទីតាំងច្បាស់លាស់ស្របច្បាប់។
⚠️ រឿងដែលលើកទឹកចិត្តមនុស្សឱ្យលេបថ្នាំព្យាបាលផ្លូវចិត្ត (ត្រូវបានគេស្គាល់ផងដែរថាជា​ Entheogen) ឬផលិតផលកញ្ឆា។
⚠️ រូបភាពដែលមានរូបមន្តសម្រាប់ភេសជ្ជៈមានជាតិអាល់កុល។
⚠️ សារបង្ហោះដែលល់ផលិតផល ឬសេវាកម្មសម្រកទម្ងន់។
យើងលាក់រូបភាពស្ដែងៗ និងគួរឱ្យរំខានភាគច្រើនពីមនុស្សជំទង់ ទោះបីជាយើងអនុញ្ញាតឱ្យមានមាតិកាបែបនេះនៅពីក្រោយអេក្រង់ព្រមានសម្រាប់មនុស្សពេញវ័យក៏ដោយ។ ឧទាហរណ៍ យើងនឹងរឹតបន្តឹងលើអាយុ៖
⚠️ រូបថតបុគ្គល​ដែល​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​យើង​នឹង​បិទបាំង​ដោយ​អេក្រង់​ព្រមាន​សម្រាប់​មនុស្ស​ពេញវ័យ។
⚠️ រូបថត ឬវីដេអូអំពីការបាញ់ប្រហារ ​អំពើឃោរឃៅ ឬគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ។
យើងលាក់មាតិកាបន្ថែមពីមនុស្សជំទង់ ដែលមិនមានរូបអាក្រាត ឬសកម្មភាពផ្លូវភេទស្ដែងៗ ប៉ុន្តែអាចចាត់ទុកថាជាមាតិកា​​ទាក់ទាញអារម្មណ៍ផ្លូវភេទ។ ឧទាហរណ៍ យើងនឹងរឹតបន្តឹងលើអាយុ៖
⚠️ សារបង្ហោះដែលមានរូបស្ទើរតែអាក្រា ដូចជារូបអាក្រាតដែលបិទបាំងដោយធាតុត្រួតពីលើឌីជីថល។
⚠️ រូបថតដែលបានពង្រីកនៅលើគូទរបស់នរណាម្នាក់។
⚠️ រឿងដែលមានភាសា​​ទាក់ទាញអារម្មណ៍ផ្លូវភេទ ដោយពណ៌នាអំពីការជួបគ្នាលក្ខណៈផ្លូវភេទ រួមទាំងការប្រើពាក្យប្រៀបធៀបផ្លូវភេទជាដើម។
ដើម្បីទទួលបានព័ត៌មានលម្អិតពេញលេញអំពីមាតិកាដែលយើងដកចេញ សូមមើលស្តង់ដារសហគមន៍របស់យើង។
យើង​ក៏​នឹង​ជៀស​វាង​ការ​ណែនាំ​ប្រភេទ​មាតិកា​ច្រើន​ទៀត បើ​ទោះ​បី​ជា​វា​ស្រប​តាម​ការ​វាយតម្លៃភាពយន្តសម្រាប់អាយុ 13 ឆ្នាំឡើង និងមតិកែលម្អពីឪពុកម្ដាយក៏ដោយ។ មាតិកាជាច្រើនដែលយើងមិនផ្ដល់ការណែនាំដល់មនុស្សពេញវ័យត្រូវបានលាក់ទាំងស្រុងពីមនុស្សជំទង់ស្រាប់ហើយ ប៉ុន្តែយើងបន្តចាត់វិធានការបន្ថែមសម្រាប់មនុស្សជំទង់ និងមិនផ្ដល់ការណែនាំប្រភេទមាតិកាបន្ថែម ដូចជារូបថត ឬវីដេអូដែលអាចត្រូវបានគេមើលឃើញថាជារឿងផ្លូវភេទបង្កប់ន័យ ការស្បថអាក្រក់ខ្លាំង ឬសកម្មភាពប្រថុយប្រថានដូចជាការលោតពីទីខ្ពស់ជាដើម។
មាតិកាដែលបានដាក់កម្រិត៖ នៅលើ Instagram សម្រាប់ឪពុកម្ដាយដែលចូលចិត្តការគ្រប់គ្រងបន្ថែម យើងបានណែនាំការកំណត់ថ្មី ដែលរឹតបន្តឹងខ្លាំងជាងនេះហៅថា មាតិកាដែលបានដាក់កម្រិត។ នៅពេលការកំណត់មាតិកាដែលបានដាក់កម្រិតត្រូវបានបើក យើងនឹងដាក់ប្រើតម្រងមាតិការបស់យើងកាន់តែខ្លាំង ដើម្បីលាក់មាតិកាច្រើនទៀតពីបទពិសោធប្រើប្រាស់គណនីមនុស្សជំទង់។ យើងក៏នឹងដាក់កម្រិតបន្ថែមទៀតលើលទ្ធផលស្វែងរក ហើយបិទសមត្ថភាពរបស់មនុស្សជំទង់ក្នុងការមើល ចាកចេញ ឬទទួលមតិនៅក្រោមសារបង្ហោះ។
មាតិកាច្រើនទៀ៖ មនុស្សជំទង់អាចប្ដូរទៅការកំណត់ 'មាតិកាច្រើន​ទៀត' ដោយមានការអនុញ្ញាតពីឪពុកម្ដាយ ដែលឪពុកម្ដាយអាចផ្ដល់ជូនតាមរយៈការគ្រប់គ្រងដោយឪពុកម្ដាយតែប៉ុណ្ណោះ។ នៅក្នុងការកំណត់នេះ មនុស្សជំទង់នឹងនៅតែទទួលបានអត្ថប្រយោជន៍ពីការការពារដោយស្វ័យប្រវត្តិ ដែលលាក់មាតិកាច្រើនទៀតពីមនុស្សជំទង់ជាជាងលាក់សម្រាប់មនុស្សពេញវ័យ ហើយយើងនឹងនៅតែដកចេញទាំងស្រុងនូវមាតិកា ប្រសិនបើវាបំពានលើស្តង់ដារសហគមន៍របស់យើង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជំទង់អាចត្រូវបានណែនាំនូវមាតិកាមួយចំនួនដែលពួកគេនឹងមិនមាននៅក្នុងការកំណត់មាតិកា 13 ឆ្នាំឡើងទៅ និងមាតិកាដែលបានដាក់កម្រិត ហើយយើងនឹងមិនលាក់គណនីទាំងមូលដែលចែករំលែកមាតិកាមិនសមស្របតាមអាយុនោះទេ។ ការកំណត់មាតិកាច្រើនទៀតនឹងមិនផ្ដល់នូវការរឹតបន្តឹងមាតិកាកាន់តែតឹងរ៉ឹងនៅទូទាំងការផ្សាយបន្តផ្ទាល់ មតិ និងការស្វែងរកដែលជាផ្នែកនៃការកំណត់មាតិកា 13 ឡើងទៅ និងមាតិកាដែលបានដាក់កម្រិតនោះទេ។
សេចក្ដីប្រកាស​មិនទទួលខុសត្រូវ៖ មានភាពខុសគ្នាច្រើនរវាងប្រព័ន្ធផ្សព្វផ្សាយសង្គម និងភាពយន្ត។ យើងមិនបានធ្វើការជាមួយ MPA នៅពេលធ្វើបច្ចុប្បន្នភាពការកំណត់មាតិការបស់យើងទេ ហើយពួកគេមិនកំពុងវាយតម្លៃមាតិកាណាមួយនៅលើ Instagram និង Facebook ទេ ហើយពួកគេមិនកំពុងគាំទ្រ ឬយល់ព្រមលើការកំណត់មាតិការបស់យើងតាមមធ្យោបាយណាមួយឡើយ។ ផ្ទុយទៅវិញ យើងទទួលបានការបំផុសគំនិតពីគោលការណ៍ណែនាំសាធារណៈរបស់ MPA ដែលឪពុកម្ដាយធ្លាប់ស្គាល់រួចហើយ ក៏ដូចជាមតិកែលម្អពីឪពុកម្ដាយផងដែរ។ ប្រព័ន្ធសម្របសម្រួលមាតិការបស់យើងមិនដូចគ្នានឹងក្រុមប្រឹក្សាភិបាលវាយតម្លៃភាពយន្តទេ ដូច្នេះបទពិសោធប្រើប្រាស់ប្រហែលជាមិនដូចគ្នាទេ។
របៀបរាយការណ៍មាតិកាដែលបំពាន
យើងខិតខំប្រឹងប្រែងកំណត់អត្តសញ្ញាណមាតិកាដែលបំពានច្បាប់របស់យើង ហើយយើងរកឃើញមាតិកាភាគច្រើនដែលយើងដកចេញយ៉ាងសកម្មជាមុនដោយប្រើបច្ចេកវិទ្យារបស់យើង មុនពេលដែលមានគេរាយការណ៍មកយើង។ ប្រសិនបើអ្នកឃើញអ្វីមួយដែលយើងមិនបានរកឃើញ សូមជួយធ្វើឱ្យថ្នាលរបស់យើងក្លាយជាកន្លែងកាន់តែមានសុវត្ថិភាព ដោយរាយការណ៍វានៅលើ FacebookInstagram។ ការរាយការណ៍ទាំងអស់ត្រូវបានរក្សាជាលក្ខណៈអនាមិក។
ធនធានបន្ថែម
ស្តង់ដារសហគមន៍របស់យើងមានព័ត៌មានលម្អិតអំពីប្រភេទមាតិកាដែលយើងដកចេញ និងការរឹតបន្តឹងលើអាយុសម្រាប់ផ្នែកគោលការណ៍នីមួយៗ។ ដើម្បីអានគោលការណ៍ទាំងនោះ ចុចទីនេះ
យើងក៏បានបង្កើតបច្ចេកវិទ្យាដែលស្វែងរកយ៉ាងសកម្មជាមុននូវមនុស្សពេញវ័យដែលរងការសង្ស័យ ដូចជាមនុស្សពេញវ័យដែលត្រូវបានទប់ស្កាត់ ឬរាយការណ៍ដោយមនុស្សជំទង់ម្ដងហើយម្ដងទៀត ឬប្រសិនបើមនុស្សពេញវ័យស្វែងរកមាតិកាដែលបំពានម្ដងហើយម្ដងទៀត។ យើងនឹងមិនណែនាំមនុស្សពេញវ័យគួរឱ្យសង្ស័យដល់មនុស្សជំទង់ទេ ហើយយើងនឹងមិនណែនាំមនុស្សជំទង់ដល់មនុស្សពេញវ័យដែលគួរឱ្យសង្ស័យនោះទេ។ អ្នកអាចអានបន្ថែមអំពីវា នៅទីនេះ
អ្នកអាចអានបន្ថែមអំពីវិធីដែលយើងជួយរក្សាសហគមន៍របស់យើងឱ្យមានសុវត្ថិភាពនៅលើមជ្ឈមណ្ឌលសុវត្ថិភាពរបស់យើង និងវិធីដែលយើងជួយគាំទ្រមនុស្សជំទង់ និងគ្រួសារនៅលើមជ្ឈមណ្ឌលគ្រួសាររបស់យើង។